5. «ចូរវិលទៅប្រាប់ស្ដេចហេសេគាថា ព្រះអម្ចាស់ ជាព្រះរបស់ដាវីឌដែលជាអយ្យកោរបស់ព្រះករុណា មានព្រះបន្ទូលដូចតទៅនេះ: “យើងបានឮពាក្យអង្វររបស់អ្នក ហើយយើងក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។ យើងនឹងបន្ថែមអាយុឲ្យអ្នកដប់ប្រាំឆ្នាំទៀត។
6. យើងនឹងរំដោះអ្នក ព្រមទាំងរំដោះក្រុងយេរូសាឡឹមនេះ ឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរី យើងក៏នឹងការពារក្រុងនេះដែរ”»។
7. លោកអេសាយទូលស្ដេចវិញថា៖ «ព្រះអម្ចាស់នឹងប្រទានទីសម្គាល់មួយ ដើម្បីឲ្យព្រះករុណាជ្រាបថា ព្រះអម្ចាស់មុខជាសម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ
8. គឺព្រះអង្គនឹងធ្វើឲ្យស្រមោលថ្ងៃ ដែលជះទៅលើរង្វាស់ម៉ោងរបស់ព្រះបាទអហាស ដើរថយក្រោយដប់កាំ»។ ពេលនោះ ស្រមោលដែលជ្រេទៅហើយក៏ថយក្រោយវិញដប់កាំមែន។
9. ក្រោយពេលព្រះបាទហេសេគា ជាស្ដេចស្រុកយូដា បានជាសះស្បើយពីជំងឺវិញ ស្ដេចក៏លើកទំនុកតម្កើងព្រះអម្ចាស់ដូចតទៅ:
10. «ខ្ញុំនឹកថា ខ្ញុំរស់បានតែពាក់កណ្ដាលអាយុហើយខ្ញុំត្រូវលាចាកលោកនេះទៅកាន់ស្ថានមនុស្សស្លាប់ ដើម្បីបន្តអាយុជីវិតដែលនៅសល់នៅស្ថាននោះ។
11. ខ្ញុំនឹកថា ខ្ញុំនឹងលែងឃើញព្រះភ័ក្ត្ររបស់ ព្រះអម្ចាស់ក្នុងពិភពរបស់មនុស្សទៀតហើយហើយនៅក្នុងពិភពនេះខ្ញុំក៏នឹងលែងឃើញមុខមនុស្សណាម្នាក់ដែរ។