8. វាមានសក់វែងដូចសក់ស្ត្រី ហើយមានធ្មេញដូចធ្មេញសិង្ហ។
9. វាមានគ្រឿងក្រោះដូចអាវក្រោះធ្វើពីដែក។ ពេលវាហើរ ស្នូរស្លាបរបស់វាលាន់ឮសន្ធឹក ដូចរទេះទឹមដោយសេះជាច្រើនបោលទៅធ្វើសឹកសង្គ្រាម។
10. កន្ទុយរបស់វាមានទ្រនិចដូចខ្យាដំរី ហើយមានអំណាចនឹងឲ្យមនុស្សម្នាឈឺចុកចាប់ អស់រយៈពេលប្រាំខែ។
11. កណ្ដូបទាំងនោះមានយមរាជធ្វើជាស្ដេចដឹកនាំវា ដែលមានឈ្មោះជាភាសាហេប្រឺថា អាបាដូន ជាភាសាក្រិកថា អាប៉ុលីយ៉ូន។
12. លុះទុក្ខវេទនាទីមួយបានកន្លងផុតទៅ ទុក្ខវេទនាពីរទៀតក៏កើតមកតាមក្រោយ។
13. ទេវតាទីប្រាំមួយផ្លុំត្រែឡើង ខ្ញុំក៏បានឮសំឡេងមួយចេញពីស្នែងនៅជ្រុងទាំងបួនរបស់អាសនៈមាស ដែលស្ថិតនៅខាងមុខព្រះជាម្ចាស់។
14. សំឡេងនោះ ពោលមកកាន់ទេវតាទីប្រាំមួយ ដែលមានត្រែនៅដៃថា៖ «ចូរស្រាយទេវតាទាំងបួនរូប ដែលជាប់ចំណងនៅលើទន្លេធំ គឺទន្លេអឺប្រាតនោះទៅ!»។
15. គេក៏ស្រាយទេវតាទាំងបួនរូប ដែលបានប្រុងប្រៀបខ្លួនប្រហារជីវិតមនុស្សមួយភាគបី ត្រូវតាមម៉ោងថ្ងៃ ខែ និងឆ្នាំ។
16. ខ្ញុំបានឮថា ចំនួនទាហានទ័ពសេះនោះមានទាំងអស់ពីររយលាននាក់។
17. ក្នុងនិមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញនោះ មានសេះ និងពលទាហានដែលជិះពីលើវា ពាក់អាវក្រោះពណ៌ក្រហមដូចភ្លើង ពណ៌បៃតងខ្ចី និងពណ៌លឿងដូចស្ពាន់ធ័រ។ រីឯក្បាលសេះវិញ មានរាងដូចជាក្បាលសិង្ហ ហើយមានភ្លើង ផ្សែង និងស្ពាន់ធ័រចេញពីមាត់វាមកផង។
18. មនុស្សមួយភាគបីបានស្លាប់ ដោយសារគ្រោះកាចទាំងបីមុខនេះ គឺស្លាប់ដោយភ្លើង ដោយផ្សែង និងដោយស្ពាន់ធ័រដែលចេញពីមាត់សេះ
19. ដ្បិតអំណាចរបស់សេះទាំងនោះស្ថិតនៅលើមាត់ និងកន្ទុយ។ កន្ទុយរបស់វាប្រៀបបានទៅនឹងពស់ គឺមានក្បាល ហើយវាធ្វើឲ្យមនុស្សវេទនា ដោយសារតែក្បាលហ្នឹងឯង។