13. ខ្ញុំឮសំឡេងមួយបន្លឺពីលើមេឃមកថា៖ «ចូរសរសេរដូចតទៅ: អស់អ្នកដែលស្លាប់រួមជាមួយព្រះអម្ចាស់ពិតជាមានសុភមង្គល* ចាប់តាំងពីពេលនេះទៅហើយ! ព្រះវិញ្ញាណមានព្រះបន្ទូលថា ពិតមែនហើយ អ្នកទាំងនោះនឹងបានឈប់សម្រាក លែងនឿយហត់ទៀត ដ្បិតកិច្ចការដែលគេបានប្រព្រឹត្តទាំងប៉ុន្មាន នឹងអន្ទោលតាមគេជាប់ជានិច្ច»។
14. ខ្ញុំមើលទៅឃើញពពក*សមួយដុំ ហើយមានម្នាក់ដូចបុត្រមនុស្ស* អង្គុយលើពពកនោះ។ លោកពាក់មកុដមាសនៅលើក្បាល ព្រមទាំងកាន់កណ្ដៀវមួយយ៉ាងមុតនៅដៃផង។
15. មានទេវតាមួយរូបទៀតចេញពីព្រះវិហារមក ហើយស្រែកឡើងខ្លាំងៗទៅកាន់លោកដែលអង្គុយលើពពកថា៖ «សូមយកកណ្ដៀវរបស់លោកមកច្រូតទៅ! ដល់ពេលច្រូតហើយ ដ្បិតផែនដីទុំ ល្មមច្រូតហើយ»។
16. ពេលនោះ លោកដែលអង្គុយនៅលើពពក បោះកណ្ដៀវមកផែនដី ផែនដីក៏ច្រូតស្រេចរួចរាល់។
17. មានទេវតាមួយរូបទៀតចេញពីព្រះវិហារនៅស្ថានបរមសុខ*មក លោកក៏មានកាំបិតមួយដ៏មុតដែរ។