17. ចូរនាំសត្វគ្រប់ប្រភេទដែលនៅជាមួយអ្នកចេញទៅផង គឺនាំទាំងបក្សាបក្សី ទាំងសត្វជើងបួន និងសត្វលូនវារលើដីទាំងប៉ុន្មាន ដើម្បីឲ្យវានៅពាសពេញលើផែនដី ព្រមទាំងបង្កើតកូនចៅ និងកើនចំនួនយ៉ាងច្រើននៅលើផែនដី»។
18. លោកណូអេក៏ចេញពីទូកធំ រីឯកូនប្រុស ភរិយា និងកូនប្រសាស្រីរបស់លោកក៏ចេញមកដែរ។
19. សត្វជើងបួន ឧរង្គសត្វ បក្សាបក្សី និងសត្វដែលលូនវារនៅលើដីទាំងប៉ុន្មាន នាំគ្នាចេញពីទូកធំ តាមពូជរបស់វាដែរ។
20. លោកណូអេបានសង់អាសនៈ*មួយ សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់។ លោកបានយកសត្វខ្លះពីក្នុងចំណោមសត្វបរិសុទ្ធគ្រប់ប្រភេទ និងពីក្នុងចំណោមសត្វស្លាបបរិសុទ្ធគ្រប់ប្រភេទ មកដុតទាំងមូលថ្វាយជាយញ្ញបូជានៅលើអាសនៈ។