20. គឺជម្រាបលោកថា “យ៉ាកុបជាអ្នកបម្រើរបស់លោក កំពុងតែមកតាមក្រោយយើងខ្ញុំដែរ”»។ លោកយ៉ាកុបធ្វើដូច្នេះ ព្រោះលោកគិតថា «ជំនូនដែលខ្ញុំចាត់ឲ្យគេនាំទៅមុននេះ មុខជាធ្វើឲ្យគាត់បានស្ងប់ចិត្តមិនខាន។ បន្ទាប់មក ពេលខ្ញុំបានជួបមុខគាត់ផ្ទាល់ ប្រហែលជាគាត់ទទួលខ្ញុំដោយរាក់ទាក់ផងមើលទៅ»។
21. គេក៏នាំសត្វទាំងឡាយដែលលោកផ្ញើជាជំនូននោះទៅមុន តែយប់នោះ លោកយ៉ាកុបស្នាក់នៅក្នុងជំរំ។
22. នៅយប់ដដែលនោះ លោកបានក្រោកឡើង នាំភរិយាទាំងពីរ និងស្រីបម្រើទាំងពីរ ព្រមទាំងកូនដប់មួយនាក់ឆ្លងអូយ៉ាបុក ត្រង់កន្លែងទឹករាក់។
23. កាលលោកឲ្យក្រុមគ្រួសារឆ្លងទឹករួចហើយ លោកក៏ឲ្យគេចម្លងអ្វីៗដែលជារបស់លោកទៅដែរ។
24. លោកយ៉ាកុបនៅតែម្នាក់ឯង។ ពេលនោះ មានបុរសម្នាក់មកបោកចំបាប់ជាមួយលោករហូតដល់ភ្លឺ។
25. កាលបុរសនោះឃើញថាពុំអាចឈ្នះលោកយ៉ាកុបបាន ក៏វាយលោកចំចង្កេះ។ លោកយ៉ាកុបក៏ថ្លោះចង្កេះ នៅពេលបោកចំបាប់គ្នានោះ។
26. បុរសនោះពោលថា៖ «ទុកឲ្យខ្ញុំចេញទៅវិញ ដ្បិតភ្លឺហើយ»។ លោកតបវិញថា៖ «ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែឲ្យពរខ្ញុំសិន»។
27. បុរសនោះសួរលោកថា៖ «អ្នកឈ្មោះអី?»។ លោកឆ្លើយថា៖ «ខ្ញុំឈ្មោះយ៉ាកុប»។
28. បុរសនោះពោលទៀតថា៖ «គេនឹងលែងហៅអ្នកថាយ៉ាកុបទៀតហើយ គឺគេនឹងហៅអ្នកថាអ៊ីស្រាអែលវិញ ដ្បិតអ្នកបានបោកចំបាប់ជាមួយព្រះជាម្ចាស់ និងជាមួយមនុស្ស ហើយអ្នកមានជ័យជំនះ»។