1. លោកយ៉ាកុបបន្តដំណើរទៅមុខទៀត ហើយមានទេវតា*របស់ព្រះជាម្ចាស់មកជួបលោក។
2. ពេលឃើញទេវតាទាំងនោះ លោកយ៉ាកុបក៏ពោលឡើងថា៖ «ទីនេះ ពិតជាព្រះពន្លារបស់ព្រះជាម្ចាស់!»។ លោកដាក់ឈ្មោះកន្លែងនោះថា «ម៉ាហាណែម»។
3. លោកយ៉ាកុបបានចាត់អ្នកនាំសារឲ្យទៅមុនលោក ដើម្បីជួបនឹងលោកអេសាវជាបង នៅស្រុកសៀរ ក្នុងតំបន់អេដុម។
4. លោកបានផ្ដែផ្ដាំអ្នកនាំសារទាំងនោះថា៖ «អ្នករាល់គ្នាត្រូវជម្រាបលោកអេសាវ ជាម្ចាស់ខ្ញុំ ដូចតទៅ: យ៉ាកុប ជាអ្នកបម្រើរបស់លោក សូមជម្រាបថា “ខ្ញុំស្នាក់នៅជាមួយលោកអ៊ំឡាបាន់រហូតមកទល់ពេលនេះ។
5. ខ្ញុំមានគោ លា ចៀម និងមានអ្នកបម្រើប្រុសស្រីជាច្រើន។ ខ្ញុំចាត់គេឲ្យមកជម្រាបលោកម្ចាស់ ជាដំណឹង ដើម្បីសូមសេចក្ដីសន្តោសមេត្តាពីលោកម្ចាស់”»។
6. អ្នកនាំសារបានវិលមកជួបលោកយ៉ាកុបវិញ ជម្រាបថា៖ «យើងខ្ញុំបានទៅជួបលោកអេសាវ ជាបងរបស់លោកហើយ។ លោកអេសាវក៏កំពុងតែធ្វើដំណើរមកជួបលោកដែរ ដោយមានគ្នាបួនរយនាក់មកជាមួយផង»។
7. លោកយ៉ាកុបភ័យខ្លាច និងតប់ប្រមល់យ៉ាងខ្លាំង លោកក៏ចែកពួកលោកជាពីរជំរំ ហើយចែកហ្វូងចៀម ហ្វូងគោ និងអូដ្ឋ ជាពីរហ្វូងដែរ
8. ព្រោះលោកគិតថា ប្រសិនបើលោកអេសាវមកវាយប្រហារជំរំមួយ ជំរំមួយទៀតអាចរត់រួចបាន។