30. គឺមុនពេលខ្ញុំមកដល់ លោកឪពុកមានហ្វូងសត្វតែបន្តិចបន្តួចទេ តែឥឡូវនេះ វាកើនចំនួនច្រើន ព្រោះតាំងពីខ្ញុំមកនៅជាមួយលោកឪពុក ព្រះអម្ចាស់ប្រទានពរលោកឪពុក។ ឥឡូវនេះ ដល់ពេលខ្ញុំធ្វើការសម្រាប់ក្រុមគ្រួសារខ្ញុំផ្ទាល់ម្ដង»។
31. លោកឡាបាន់មានប្រសាសន៍ថា៖ «តើពុកត្រូវឲ្យអ្វីខ្លះដល់កូន?» លោកយ៉ាកុបតបថា៖ «លោកឪពុកមិនបាច់ឲ្យអ្វីមកខ្ញុំទេ គឺលោកឪពុកគ្រាន់តែស្ដាប់សេចក្ដី ដែលខ្ញុំនឹងស្នើសុំនេះក៏ល្មមហើយ ខ្ញុំនឹងមើលថែទាំហ្វូងសត្វរបស់លោកឪពុកតទៅមុខទៀត។
32. ថ្ងៃនេះ ខ្ញុំនឹងទៅពិនិត្យមើលហ្វូងសត្វទាំងមូលរបស់លោកឪពុក ហើយញែកកូនចៀមទាំងប៉ុន្មាន ដែលមានសម្បុរពព្លាក់ ពពាល និងចៀមទាំងប៉ុន្មានដែលមានសម្បុរស្រអាប់ ចេញពីហ្វូងចៀមរបស់លោកឪពុក។ ខ្ញុំក៏នឹងញែកពពែទាំងប៉ុន្មាន ដែលមានសម្បុរពពាល និងពព្លាក់ ចេញពីហ្វូងពពែរបស់លោកឪពុកដែរ។ ខ្ញុំសុំយកសត្វទាំងនោះទុកជាថ្លៃឈ្នួល។
33. ស្អែក ពេលលោកឪពុកអញ្ជើញទៅមើលសត្វ ដែលជាថ្លៃឈ្នួលរបស់ខ្ញុំ លោកឪពុកមុខជាជ្រាបថា ខ្ញុំជាមនុស្សទៀងត្រង់។ ប្រសិនបើលោកឪពុកឃើញសត្វណាដែលគ្មានសម្បុរពពាល និងពព្លាក់ក្នុងចំណោមពពែ ឬសត្វណាដែលគ្មានសម្បុរស្រអាប់ក្នុងចំណោមកូនចៀម បានសេចក្ដីថា ខ្ញុំបានលួចសត្វទាំងនោះហើយ»។