18. គាត់ពោលថា៖ «ព្រះជាម្ចាស់ប្រទានរង្វាន់ឲ្យខ្ញុំ ព្រោះខ្ញុំបានយកស្រីបម្រើមកជូនប្ដីខ្ញុំ»។ គាត់ដាក់ឈ្មោះកូននោះថា“អ៊ីសាខារ”។
19. លោកស្រីលេអាមានផ្ទៃពោះសាជាថ្មី ហើយបង្កើតបានកូនប្រុសមួយទៀត ជាកូនទីប្រាំមួយ ជូនលោកយ៉ាកុប
20. លោកស្រីលេអាពោលថា៖ «ព្រះជាម្ចាស់ប្រទានអំណោយដ៏ល្អមួយមកឲ្យខ្ញុំ លើកនេះ ប្ដីរបស់ខ្ញុំមុខជាផ្ដល់កិត្តិយសឲ្យខ្ញុំមិនខាន ដ្បិតខ្ញុំបានបង្កើតកូនប្រុសប្រាំមួយនាក់ជូនគាត់»។ គាត់បានដាក់ឈ្មោះកូននោះថា“សាប់យូឡូន”។
21. បន្ទាប់មក គាត់សម្រាលបានកូនស្រីមួយ ដែលគាត់ដាក់ឈ្មោះថា «ឌីណា»។
22. ព្រះជាម្ចាស់មិនភ្លេចលោកស្រីរ៉ាជែលទេ ទ្រង់ព្រះសណ្ដាប់ពាក្យរបស់គាត់ ដោយប្រោសឲ្យគាត់មានកូន។
23. គាត់មានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ។ គាត់ពោលថា៖ «ព្រះជាម្ចាស់បានដកសេចក្ដីអាម៉ាស់ចេញពីខ្ញុំហើយ»។
24. គាត់ដាក់ឈ្មោះកូននោះថា “យ៉ូសែប” ទាំងពោលថា៖ «សូមព្រះជាម្ចាស់បន្ថែមឲ្យខ្ញុំមានកូនប្រុសមួយទៀត!»។
25. ក្រោយពេលលោកស្រីរ៉ាជែលសម្រាលបានយ៉ូសែបហើយ លោកយ៉ាកុបមានប្រសាសន៍ទៅកាន់លោកឡាបាន់ថា៖ «សូមលោកឪពុកមេត្តាអនុញ្ញាតឲ្យខ្ញុំទៅនៅស្រុករបស់ខ្ញុំវិញ។
26. សូមឲ្យខ្ញុំយកប្រពន្ធកូនទៅជាមួយផង ដ្បិតខ្ញុំបាននៅបម្រើលោកឪពុក ព្រោះតែនាងទាំងពីរហ្នឹងហើយ។ លោកឪពុកក៏ជ្រាបថា ខ្ញុំបានបម្រើលោកឪពុកយ៉ាងណាដែរ»។
27. លោកឡាបាន់តបទៅវិញថា៖ «សូមកូនយោគយល់ដល់ពុកផង។ ពុកដឹងយ៉ាងច្បាស់ថា ព្រោះតែកូន ព្រះអម្ចាស់បានប្រទានពរពុក។
28. ចូរប្រាប់ពុកមក កូនចង់បានថ្លៃឈ្នួលប៉ុន្មាន ពុកនឹងប្រគល់ឲ្យ»។
29. លោកយ៉ាកុបជម្រាបគាត់ថា៖ «លោកឪពុកជ្រាបស្រាប់ហើយថា ខ្ញុំបាននៅបម្រើលោកឪពុកយ៉ាងណា ហើយថា ព្រោះតែខ្ញុំ ហ្វូងសត្វរបស់លោកឪពុកក៏បានកើនចំនួនយ៉ាងណាដែរ