19. លោកឡាបាន់តបថា៖ «អ៊ំពេញចិត្តនឹងលើកកូនឲ្យក្មួយ ជាជាងលើកឲ្យប្រុសដទៃទៀត។ ដូច្នេះ ចូរក្មួយនៅជាមួយនឹងអ៊ំទៅ!»។
20. លោកយ៉ាកុបនៅបម្រើលោកឡាបាន់ អស់រយៈពេលប្រាំពីរឆ្នាំ ដើម្បីបាននាងរ៉ាជែល ប៉ុន្តែ ដោយលោកស្រឡាញ់នាងរ៉ាជែលជាខ្លាំង រយៈពេលប្រាំពីរឆ្នាំនោះហាក់ដូចជាប៉ុន្មានថ្ងៃប៉ុណ្ណោះ។
21. បន្ទាប់មក លោកយ៉ាកុបជម្រាបលោកឡាបាន់ថា៖ «សូមលោកអ៊ំឲ្យក្មួយរៀបការជាមួយនឹងរ៉ាជែលទៅ ព្រោះក្មួយនៅបម្រើលោកអ៊ំចប់សព្វគ្រប់ តាមដែលយើងបានកំណត់នោះហើយ»។
22. លោកឡាបាន់ក៏អញ្ជើញអ្នកស្រុកទាំងអស់មក ហើយរៀបចំជប់លៀង។
23. នៅពេលល្ងាច គាត់នាំនាងលេអាទៅផ្សំដំណេកជាមួយលោកយ៉ាកុប។
24. លោកឡាបាន់ប្រគល់នាងស៊ីលផា ជាអ្នកបម្រើរបស់លោក ឲ្យបម្រើនាងលេអា។
25. លុះព្រលឹមឡើង លោកយ៉ាកុបឃើញថាជានាងលេអា លោកពោលទៅកាន់លោកឡាបាន់ថា៖ «ម្ដេចក៏លោកឪពុកធ្វើដូច្នេះ? ខ្ញុំនៅបម្រើលោកឪពុក ដើម្បីនាងរ៉ាជែលទេ តើហេតុអ្វីបានជាលោកឪពុកបោកប្រាស់ខ្ញុំបែបនេះ?»។
26. លោកឡាបាន់តបវិញថា៖ «នៅស្រុកយើងនេះមិនដែលមាននរណាលើកកូនពៅឲ្យគេ មុនកូនច្បងឡើយ
27. ចូរបង្គ្រប់ពិធីមង្គលការជាមួយនាងឲ្យបានមួយអាទិត្យសិន រួចហើយសឹមពុកលើកនាងមួយទៀតឲ្យ តែកូនត្រូវធ្វើការឲ្យពុកប្រាំពីរឆ្នាំទៀត»។
28. លោកយ៉ាកុបក៏ធ្វើតាមពាក្យគាត់ គឺបង្គ្រប់ពិធីមង្គលការជាមួយនាងលេអាអស់មួយអាទិត្យ។ បន្ទាប់មក លោកឡាបាន់បានឲ្យនាងរ៉ាជែលទៅលោកយ៉ាកុបទៀត។