11. «លោកម្ចាស់ សូមស្ដាប់ខ្ញុំប្របាទសិន ខ្ញុំប្របាទសូមប្រគល់ដីចម្ការ ព្រមទាំងគុហានៅក្នុងចម្ការនោះជូនលោកម្ចាស់។ ខ្ញុំប្របាទជូនលោកម្ចាស់នៅចំពោះមុខជនជាតិខ្ញុំប្របាទទាំងអស់។ សូមលោកម្ចាស់បញ្ចុះសពភរិយារបស់លោកម្ចាស់នៅទីនោះទៅ»។
12. លោកអប្រាហាំក្រាបចុះនៅមុខអ្នកស្រុកនោះ
13. ហើយមានប្រសាសន៍ទៅកាន់លោកអេប្រូននៅមុខមនុស្សទាំងអស់ថា៖ «សូមលោកស្ដាប់ខ្ញុំវិញ! ខ្ញុំសូមជូនប្រាក់លោកតាមតម្លៃដី សូមលោកទទួលយកពីដៃខ្ញុំផ្ទាល់ទៅ ខ្ញុំនឹងបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនោះ»។
14. ប៉ុន្តែ លោកអេប្រូនតបទៅលោកអប្រាហាំថា៖
15. «លោកម្ចាស់ សូមស្ដាប់ខ្ញុំ! ដីនេះមានតម្លៃជាប្រាក់សុទ្ធតែមួយរយម្ភៃតម្លឹងប៉ុណ្ណោះ ដូច្នេះ គ្មានអ្វីសំខាន់រវាងលោកម្ចាស់ និងខ្ញុំទេ សូមបញ្ចុះសពភរិយារបស់លោកទៅ!»។
16. លោកអប្រាហាំក៏ព្រមព្រៀងជាមួយលោកអេប្រូន ហើយថ្លឹងប្រាក់ឲ្យគាត់ តាមចំនួនដែលគាត់បាននិយាយនៅមុខជនជាតិហេត គឺប្រាក់សុទ្ធមួយរយម្ភៃតម្លឹង គិតតាមតម្លៃដែលគេលក់ដីនៅសម័យនោះ។