13. ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីបី។
14. ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានដុំពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ ទុកជាសញ្ញាសម្គាល់សម្រាប់កំណត់ពេលវេលា ថ្ងៃ និងឆ្នាំ
15. ហើយធ្វើជាដុំពន្លឺនៅលើមេឃ សម្រាប់បំភ្លឺផែនដី» នោះក៏កើតមានដូច្នោះមែន។
16. ព្រះជាម្ចាស់បានបង្កើតដុំពន្លឺធំៗពីរ គឺដុំពន្លឺមួយដែលធំជាងឲ្យគ្រប់គ្រងនៅពេលថ្ងៃ រីឯដុំពន្លឺដែលតូចជាងឲ្យគ្រប់គ្រងនៅពេលយប់។ ព្រះអង្គក៏បង្កើតផ្កាយទាំងឡាយដែរ។
17. ព្រះជាម្ចាស់បានដាក់ដុំពន្លឺទាំងនោះក្នុងលំហអាកាស ដើម្បីបំភ្លឺផែនដី
18. ដើម្បីគ្រប់គ្រងនៅពេលថ្ងៃ នៅពេលយប់ និងដើម្បីញែកពន្លឺចេញពីភាពងងឹត។ ព្រះជាម្ចាស់ទតឃើញថាអ្វីៗទាំងនោះល្អប្រសើរហើយ។
19. ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីបួន។
20. ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានសត្វរស់រវើកយ៉ាងច្រើនកុះករនៅក្នុងទឹក និងមានបក្សាបក្សីហើរពីលើផែនដី នៅក្នុងលំហអាកាស»។