19. បូជាចារ្យថ្វាយយញ្ញបូជារំដោះបាប ហើយធ្វើពិធីលោះគេឲ្យរួចផុតភាពសៅហ្មង។ បន្ទាប់មក លោកចាក់កសត្វ ថ្វាយជាតង្វាយដុតទាំងមូល។
20. បូជាចារ្យថ្វាយតង្វាយដុតទាំងមូល និងតង្វាយម្សៅនៅលើអាសនៈ បន្ទាប់មក លោកធ្វើពិធីរំដោះបាបម្ដងទៀត ទើបអ្នកនោះបានបរិសុទ្ធ។
21. ប្រសិនបើសាមីខ្លួនជាអ្នកក្រ គ្មានលទ្ធភាពនឹងថ្វាយតង្វាយគ្រប់ចំនួនទេ គាត់ត្រូវយកកូនចៀមមួយថ្វាយជាយញ្ញបូជាលោះបាប ដើម្បីឲ្យបូជាចារ្យលើកថ្វាយព្រះអម្ចាស់ សម្រាប់លោះបាបគាត់។ គាត់ត្រូវយកម្សៅម៉ដ្ដតែមួយរង្វាល់លាយជាមួយប្រេង ទុកជាតង្វាយម្សៅ និងយកប្រេងកន្លះលីត្រទៀត។
22. គាត់ត្រូវយកលលកពីរ ឬព្រាបជំទើរពីរ តាមលទ្ធភាពរបស់គាត់ គឺមួយសម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល។