3. នាងយ៉ូអាន់ ភរិយារបស់ឃូសា ជាមហាតលិករបស់ព្រះបាទហេរ៉ូដ នាងស៊ូសាន ព្រមទាំងស្ត្រីឯទៀតៗជាច្រើន ដែលបានចំណាយធនធានរបស់ខ្លួន ដើម្បីទំនុកបម្រុងព្រះយេស៊ូ និងសិស្ស*របស់ព្រះអង្គ។
4. មានបណ្ដាជនច្រើនកុះករចេញពីទីក្រុងនានា មករកព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាដូចតទៅ៖
5. «មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ត្រូវគេដើរជាន់ ហើយសត្វមកចឹកស៊ីអស់ទៅ។
6. មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានថ្ម កាលពន្លកដុះឡើង ក៏ក្រៀមស្វិតទៅវិញ ព្រោះខ្វះទឹក។
7. មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា។ បន្លាដុះឡើងជាមួយគ្រាប់ពូជ ហើយរួបរឹតគ្រាប់ពូជនោះមិនឲ្យដុះឡើងបាន។
8. មានគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជដុះឡើង ឲ្យផលមួយជាមួយរយ»។ ព្រះយេស៊ូបន្លឺព្រះសូរសៀងថែមទៀតថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។