28. ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កាលណាអ្នករាល់គ្នាលើកបុត្រមនុស្សឡើង អ្នករាល់គ្នាមុខជានឹងស្គាល់ឋានៈរបស់ខ្ញុំពុំខាន ហើយអ្នករាល់គ្នានឹងដឹងថា ខ្ញុំមិនធ្វើការអ្វីមួយ ដោយសំអាងលើខ្លួនខ្ញុំផ្ទាល់ឡើយ គឺខ្ញុំថ្លែងតែសេចក្ដីណាដែលព្រះបិតាមានព្រះបន្ទូលប្រាប់មកខ្ញុំប៉ុណ្ណោះ។
29. ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ទ្រង់គង់នៅជាមួយខ្ញុំ ព្រះអង្គមិនចោលខ្ញុំឲ្យនៅតែម្នាក់ឯងឡើយ ដ្បិតខ្ញុំតែងប្រព្រឹត្តកិច្ចការណា ដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ច»។
30. ពេលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះ មានមនុស្សជាច្រើនជឿលើព្រះអង្គ។
31. ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ជនជាតិយូដា ដែលបានជឿលើព្រះអង្គថា៖ «ប្រសិនបើអ្នករាល់គ្នាស្ថិតនៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាសិស្សរបស់ខ្ញុំមែន។
32. អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។
33. គេនាំគ្នាទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនចៅលោកអប្រាហាំ! យើងខ្ញុំមិនដែលធ្វើខ្ញុំបម្រើអ្នកណាឡើយ ម្ដេចក៏លោកគ្រូថា “អ្នករាល់គ្នានឹងមានសេរីភាព”ដូច្នេះ?»។
34. ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះជាខ្ញុំបម្រើរបស់អំពើបាប។
35. ធម្មតា ខ្ញុំបម្រើមិនដែលស្ថិតនៅក្នុងផ្ទះរបស់ម្ចាស់ជាប់រហូតទេ មានតែកូនរបស់ម្ចាស់ប៉ុណ្ណោះដែលស្ថិតនៅក្នុងផ្ទះជាប់រហូតតទៅ។
36. ប្រសិនបើព្រះបុត្រារំដោះអ្នករាល់គ្នា អ្នករាល់គ្នាពិតជាមានសេរីភាព។