3. យើងបាននាំអប្រាហាំ ជាបុព្វបុរសរបស់អ្នករាល់គ្នា ពីត្រើយខាងនាយទន្លេអឺប្រាតមក ឲ្យដើរកាត់ស្រុកកាណានទាំងមូល យើងធ្វើឲ្យកូនចៅរបស់គាត់កើនចំនួនច្រើនឡើង ហើយយើងក៏បានឲ្យគាត់បង្កើតអ៊ីសាកដែរ។
4. យើងបានឲ្យអ៊ីសាកបង្កើតយ៉ាកុប ព្រមទាំងអេសាវ ហើយប្រគល់ឲ្យអេសាវកាន់កាប់តំបន់ភ្នំសៀរ។ រីឯយ៉ាកុប និងកូនៗរបស់គាត់បាននាំគ្នាចុះទៅនៅស្រុកអេស៊ីប។
5. បន្ទាប់មក យើងចាត់ម៉ូសេ និងអើរ៉ុនឲ្យមក ហើយយើងបានប្រហារអ្នកស្រុកអេស៊ីប ដោយសារគ្រោះកាច ដែលយើងធ្វើនៅក្នុងចំណោមពួកគេ រួចយើងនាំប្រជាជនរបស់អ្នករាល់គ្នាចេញពីស្រុកនោះ។
6. យើងបាននាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប មកដល់សមុទ្រ។ ជនជាតិអេស៊ីបដេញតាមរហូតដល់សមុទ្រកក់ មានទាំងរទេះចំបាំង និងទ័ពសេះមកជាមួយផង។
7. បុព្វបុរសរបស់អ្នករាល់គ្នាបានស្រែកអង្វរយើង យើងក៏ដាក់ពពក*ដ៏ក្រាស់នៅចន្លោះបុព្វបុរសរបស់អ្នករាល់គ្នា និងជនជាតិអេស៊ីប ហើយយើងធ្វើឲ្យទឹកសមុទ្រគ្របពីលើជនជាតិអេស៊ីប លិចលង់អស់ទៅ។ អ្នករាល់គ្នាដឹងច្បាស់ហើយថា យើងបានប្រព្រឹត្តបែបណាចំពោះជនជាតិអេស៊ីប។ ប្រជាជនរបស់អ្នករាល់គ្នារស់នៅវាលរហោស្ថានអស់រយៈពេលដ៏យូរលង់។
8. បន្ទាប់មក យើងនាំអ្នករាល់គ្នាមកដល់ទឹកដីរបស់ជនជាតិអាម៉ូរី ដែលនៅខាងកើតទន្លេយ័រដាន់។ ជនជាតិអាម៉ូរីធ្វើសង្គ្រាមជាមួយអ្នករាល់គ្នា តែយើងបានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏កាន់កាប់ទឹកដីរបស់គេ។ យើងបានប្រល័យពួកគេឲ្យបាត់អស់ពីមុខអ្នករាល់គ្នា។
9. ស្ដេចបាឡាក់ជាបុត្ររបស់ស្ដេចស៊ីបព័រ ដែលគ្រងរាជ្យនៅស្រុកម៉ូអាប់ បានលើកទ័ពមកច្បាំងនឹងជនជាតិអ៊ីស្រាអែល។ ស្ដេចបានចាត់គេឲ្យទៅហៅបាឡាម ជាកូនរបស់បេអ៊រ មកដាក់បណ្ដាសាអ្នករាល់គ្នា។