24. លោកយេរេមាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូល និងស្រីៗទាំងនោះថា៖ «ជនជាតិយូដាទាំងអស់ដែលរស់នៅស្រុកអេស៊ីបអើយ ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!
25. ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: អ្នករាល់គ្នា និងប្រពន្ធរបស់អ្នករាល់គ្នាបាននិយាយ ហើយធ្វើតាមពាក្យរបស់ខ្លួនភ្លាម គឺអ្នករាល់គ្នានិយាយថា “យើងចង់ធ្វើតាមពាក្យដែលយើងបន់ស្រន់ ដោយដុតគ្រឿងក្រអូប និងច្រួចស្រាសែនម្ចាស់ក្សត្រីនៅស្ថានសួគ៌”។ ដូច្នេះ ចូរអ្នករាល់គ្នាគោរព និងធ្វើតាមពាក្យដែលខ្លួនបន់ស្រន់នោះទៅ!»។
26. ហេតុនេះ ជនជាតិយូដាទាំងអស់ ដែលរស់នៅស្រុកអេស៊ីបអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ដូចតទៅ៖ «យើងសូមស្បថក្នុងនាមដ៏ឧត្ដមរបស់យើងផ្ទាល់ថា: យើងលែងឲ្យជនជាតិយូដាណាម្នាក់ ដែលរស់នៅស្រុកអេស៊ីបយកឈ្មោះយើងមកស្បថ ដោយពោលថា “ព្រះជាអម្ចាស់ដ៏មានព្រះជន្មគង់នៅ”ទៀតហើយ!។
27. យើងតាមមើលពួកគេ ដើម្បីដាក់ទោស គឺមិនមែនផ្ដល់សុភមង្គលទេ។ ប្រជាជនយូដាទាំងអស់ដែលរស់នៅស្រុកអេស៊ីប នឹងត្រូវវិនាសដោយមុខដាវ និងដោយទុរ្ភិក្ស រហូតដល់ផុតពូជ។
28. មនុស្សមួយចំនួនតូច ដែលគេចផុតពីមុខដាវនឹងចាកចេញពីស្រុកអេស៊ីប វិលត្រឡប់ទៅស្រុកយូដាវិញ។ ដូច្នេះ ជនជាតិយូដាដែលនៅសេសសល់ទាំងប៉ុន្មាន ពីចំណោមអស់អ្នកដែលមករស់នៅស្រុកអេស៊ីបនេះ មុខជាដឹងថា ពាក្យរបស់នរណាបានសម្រេចជារូបរាង តើពាក្យរបស់យើង ឬពាក្យរបស់ពួកគេ»។