12. ដូច្នេះ ជនជាតិយូដាទាំងអស់នាំគ្នាវិលពីគ្រប់ទីកន្លែង ដែលពួកគេខ្ចាត់ខ្ចាយទៅ ហើយត្រឡប់មករកលោកកេដាលា នៅមីសប៉ា ក្នុងស្រុកយូដាវិញ។ ពួកគេបេះផ្លែទំពាំងបាយជូរ និងផ្លែឈើឯទៀតៗបានយ៉ាងច្រើន។
13. លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា និងមេទាហានទាំងអស់នៅតាមព្រៃ នាំគ្នាមកជួបលោកកេដាលានៅមីសប៉ា
14. ជម្រាបថា៖ «តើលោកជ្រាបឬទេ បាលីស ជាស្ដេចរបស់ជនជាតិអាំម៉ូន ចាត់លោកអ៊ីស្មាអែលជាកូនរបស់លោកនេថានា ឲ្យមកសម្លាប់លោក?»។ ប៉ុន្តែ លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម មិនជឿពាក្យអ្នកទាំងនោះទេ។
15. លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា ជម្រាបលោកកេដាលាជាសម្ងាត់ នៅមីសប៉ាថា៖ «សូមអនុញ្ញាតឲ្យខ្ញុំទៅសម្លាប់អ៊ីស្មាអែល ជាកូនរបស់លោកនេថានាចុះ គ្មាននរណាដឹងទេ។ មិនត្រូវទុកឲ្យគាត់ប្រហារជីវិតលោក ហើយឲ្យជនជាតិយូដាដែលប្រមូលគ្នានៅជុំវិញលោក ត្រូវខ្ចាត់ខ្ចាយ និងឲ្យជនជាតិយូដាដែលនៅសេសសល់ ត្រូវវិនាសអន្តរាយនោះឡើយ»។
16. លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម តបទៅលោកយ៉ូហាណានជាកូនរបស់លោកការ៉ាវិញថា៖ «កុំធ្វើដូច្នោះឲ្យសោះ ដ្បិតសេចក្ដីដែលលោកពោលអំពីលោកអ៊ីស្មាអែលនោះ មិនពិតទេ!»។