6. ពួកយើងនាំគ្នាសង់កំពែងក្រុងឡើងវិញ រហូតដល់បានកំពស់ពាក់កណ្ដាល ដ្បិតប្រជាជនខំប្រឹងខ្នះខ្នែងធ្វើការនេះដោយស្មោះអស់ពីចិត្ត។
7. ប៉ុន្តែ ពេលលោកសាន់បាឡាត់ លោកថូប៊ីយ៉ា ព្រមទាំងជនជាតិអារ៉ាប់ ជនជាតិអាំម៉ូន និងអ្នកស្រុកអាសដូឌ ទទួលដំណឹងថា ការជួសជុលកំពែងក្រុងយេរូសាឡឹម មានដំណើរការល្អ ហើយកន្លែងដែលបាក់បែកចាប់ផ្ដើមភ្ជិតឡើងវិញ នោះពួកគេខឹងជាខ្លាំង។
8. ពួកគេលើកគ្នាមកវាយលុកក្រុងយេរូសាឡឹម ដើម្បីបង្កឲ្យមានការខូចខាត។
9. ពេលនោះ យើងក៏ទូលអង្វរព្រះនៃយើង រួចចាត់ចែងឲ្យមានអ្នកយាមល្បាតទាំងថ្ងៃ ទាំងយប់ ដើម្បីការពារក្រុង ក្រែងពួកគេវាយលុក។
10. ប៉ុន្តែ ជនជាតិយូដាពោលថា៖ «កម្លាំងអ្នកលីសែងកាន់តែចុះអន់ថយទៅៗ គំនរថ្មដែលបាក់បែកនោះមានច្រើនពេក យើងពុំអាចសង់កំពែងក្រុងបានឡើយ»។
11. បច្ចាមិត្តរបស់ពួកយើងពោលថា៖ «ពួកគេមិនដឹងខ្លួន មិនឃើញអ្វីទាំងអស់ យើងនឹងលបចូលទៅដល់កណ្ដាលចំណោមពួកគេ ហើយសម្លាប់ពួកគេ ដើម្បីបញ្ឈប់កិច្ចការរបស់ពួកគេ»។