18. ព្រះជាម្ចាស់បានធ្វើឲ្យទុក្ខលំបាកសព្វបែបយ៉ាងកើតមានដល់ពួកយើង និងក្រុងយេរូសាឡឹម ព្រោះតែដូនតារបស់អស់លោកធ្លាប់ប្រព្រឹត្តអាក្រក់បែបនេះដែរ។ រីឯអស់លោកវិញ អស់លោករំលោភលើថ្ងៃសប្ប័ទដូច្នេះ តើអស់លោកចង់ធ្វើឲ្យព្រះពិរោធរបស់ព្រះអង្គ ឆាបឆេះលើជនជាតិអ៊ីស្រាអែលកាន់តែខ្លាំងឡើងថែមទៀតឬ!»។
19. បន្ទាប់មក ខ្ញុំបញ្ជាឲ្យគេខ្ទាស់ទ្វារក្រុង នៅល្ងាចផ្ដើមថ្ងៃសប្ប័ទ ហើយខ្ញុំប្រាប់ឲ្យគេបើកទ្វារវិញ ក្រោយថ្ងៃសប្ប័ទ។ ខ្ញុំដាក់សហការីរបស់ខ្ញុំមួយចំនួនឲ្យយាមមាត់ទ្វារក្រុង ដើម្បីកុំឲ្យនរណាដឹកអ្វីចូលទីក្រុងនៅថ្ងៃសប្ប័ទឡើយ។
20. ដូច្នេះ អ្នកជំនួញ និងអ្នកលក់ដូរទំនិញគ្រប់យ៉ាង ត្រូវតែនៅខាងក្រៅក្រុងយេរូសាឡឹម មួយយប់ ឬពីរយប់។
21. ខ្ញុំព្រមានពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នានៅខាងមុខកំពែងក្រុងដូច្នេះ? ប្រសិនបើអ្នករាល់គ្នាធ្វើបែបនេះទៀត ខ្ញុំនឹងចាប់ខ្លួនអ្នករាល់គ្នាជាមិនខាន»។ ចាប់ពីពេលនោះ ពួកគេលែងធ្វើដំណើរមកក្រុងយេរូសាឡឹម នៅថ្ងៃសប្ប័ទទៀតហើយ។
22. ខ្ញុំបានប្រាប់ក្រុមលេវីឲ្យធ្វើពិធីជម្រះកាយ រួចមកយាមទ្វារនៅថ្ងៃសប្ប័ទ ដើម្បីញែកថ្ងៃនោះជាថ្ងៃវិសុទ្ធ។ ឱព្រះនៃទូលបង្គំអើយ ហេតុនេះ សូមនឹកចាំពីទូលបង្គំ សូមអាណិតមេត្តាទូលបង្គំ ដោយព្រះហឫទ័យសប្បុរសដ៏ធំធេងរបស់ព្រះអង្គ។
23. នៅគ្រាដដែលនោះ ខ្ញុំសង្កេតឃើញជនជាតិយូដាមួយចំនួន រៀបការជាមួយស្ត្រីមកពីក្រុងអាសដូឌ ស្ត្រីសាសន៍អាំម៉ូន និងស្ត្រីសាសន៍ម៉ូអាប់។
24. កូនរបស់ពួកគេចំនួនពាក់កណ្ដាលនិយាយភាសាអាសដូឌ គឺមិនចេះនិយាយភាសាយូដាទេ ពួកគេចេះនិយាយតែភាសារបស់ជនជាតិដទៃប៉ុណ្ណោះ។
25. ខ្ញុំបានស្ដីបន្ទោសអ្នកទាំងនោះ និងខ្ញុំដាក់បណ្ដាសាពួកគេ ខ្ញុំបានវាយអ្នកខ្លះ ព្រមទាំងទាញសក់ពួកគេ ហើយឲ្យពួកគេស្បថក្នុងព្រះនាមព្រះជាម្ចាស់ ដោយពោលថា៖ «អ្នករាល់គ្នាមិនត្រូវលើកកូនស្រីឲ្យសាសន៍ដទៃ និងដណ្ដឹងកូនស្រីរបស់សាសន៍ដទៃ ឲ្យកូនប្រុសរបស់ខ្លួនឡើយ។
26. ព្រោះតែបញ្ហានេះហើយដែលព្រះបាទសាឡូម៉ូន ជាស្ដេចស្រុកអ៊ីស្រាអែល បានប្រព្រឹត្តអំពើបាប។ ក្នុងចំណោមស្ដេចរបស់ជាតិសាសន៍ទាំងអស់ គ្មានស្ដេចណាមួយដូចព្រះបាទសាឡូម៉ូនទេ។ ព្រះជាម្ចាស់ស្រឡាញ់ព្រះបាទសាឡូម៉ូន ព្រះអង្គបានតែងតាំងស្ដេចឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលទាំងមូល ប៉ុន្តែ ស្ត្រីសាសន៍ដទៃអូសទាញស្ដេចឲ្យប្រព្រឹត្តអំពើបាប។
27. ដូច្នេះ យើងមិនចង់ឮដំណឹងថា អ្នករាល់គ្នាផ្ទាល់ប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ ហើយក្បត់នឹងព្រះនៃយើង ដោយរៀបការជាមួយស្ត្រីសាសន៍ដទៃឡើយ»។