4. យើងនឹងធ្វើឲ្យស្ដេចផារ៉ោនមានចិត្តមានះ ហើយដេញតាមអ្នករាល់គ្នា។ ប៉ុន្តែ ពេលនោះ យើងនឹងទទួលសិរីរុងរឿង ដោយវាយកម្ទេចស្ដេចផារ៉ោន និងកងទ័ពទាំងមូលរបស់គេ។ ដូច្នេះ ជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់»។ ជនជាតិអ៊ីស្រាអែលក៏នាំគ្នាធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ។
5. មានគេទូលស្ដេចស្រុកអេស៊ីបថា ប្រជាជនអ៊ីស្រាអែលនាំគ្នារត់បាត់អស់ហើយ។ ពេលនោះ ស្ដេច និងនាម៉ឺនមន្ត្រី ដូរគំនិតចំពោះប្រជាជនអ៊ីស្រាអែល ហើយនិយាយគ្នាថា៖ «ហេតុអ្វីបានជាពួកយើងបណ្ដោយឲ្យជនជាតិអ៊ីស្រាអែលចាកចេញទៅដូច្នេះ? តើបាននរណានៅបម្រើពួកយើង?»។
6. ព្រះចៅផារ៉ោនក៏ឲ្យគេទឹមរទេះ ហើយនាំកងទ័ពចេញដំណើរទៅជាមួយ។
7. ស្ដេចបានយករទេះចំបាំងទាំងអស់នៅស្រុកអេស៊ីបចេញទៅជាមួយ ក្នុងនោះមានរទេះដ៏មាំៗចំនួនប្រាំមួយរយគ្រឿង ដែលមាននាយទាហានជិះផង។
8. ព្រះអម្ចាស់ធ្វើឲ្យព្រះចៅផារ៉ោន ស្ដេចស្រុកអេស៊ីបមានព្រះហឫទ័យមានះ ហើយដេញតាមជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីប ដូចជាមានសេរីភាព។
9. កងទ័ពអេស៊ីប ទាំងទ័ពសេះ ទាំងរទេះរបស់ព្រះចៅផារ៉ោន ព្រមទាំងពលទ័ព និងរទេះទាំងប៉ុន្មាន នាំគ្នាដេញតាមជនជាតិអ៊ីស្រាអែល ហើយទាន់ពួកគេនៅត្រង់ពីហាហ៊ីរ៉ុត ទល់មុខនឹងបាលសេផុន គឺកន្លែងដែលពួកគេបោះជំរំនៅក្បែរសមុទ្រ។
10. កាលឃើញព្រះចៅផារ៉ោន និងកងទ័ពអេស៊ីបដេញតាមប្រកិតពីក្រោយដូច្នេះ ជនជាតិអ៊ីស្រាអែលភិតភ័យជាខ្លាំង ហើយស្រែកអង្វររកព្រះអម្ចាស់។