7. តើប្រជាជាតិដ៏ធំណាមួយមានព្រះដែលគង់នៅជិតគេ ដូចព្រះអម្ចាស់ជាព្រះនៃយើងគង់នៅជិតយើង គ្រប់ពេលយើងអង្វររកព្រះអង្គ?
8. តើប្រជាជាតិដ៏ធំណាមួយមានច្បាប់ និងវិន័យត្រឹមត្រូវ តាមក្រឹត្យវិន័យទាំងប៉ុន្មាន ដែលខ្ញុំថ្លែងប្រាប់អ្នករាល់គ្នាថ្ងៃនេះ?»។
9. «ហេតុនេះ ចូរប្រយ័ត្ន ហើយប្រុងស្មារតីរៀងរាល់ថ្ងៃ ក្នុងជីវិតរបស់អ្នក ដើម្បីកុំឲ្យភ្លេចហេតុការណ៍ដែលអ្នកបានឃើញផ្ទាល់នឹងភ្នែក ហើយក្រែងលោចិត្តរបស់អ្នកលែងនឹកនាដល់ហេតុការណ៍នោះ។ ចូរប្រាប់កូន និងចៅរបស់អ្នករាល់គ្នាឲ្យដឹងអំពីហេតុការណ៍នេះដែរ។
10. ចូរនឹកចាំពីថ្ងៃដែលអ្នកមកគាល់ព្រះអម្ចាស់ ជាព្រះរបស់អ្នក នៅលើភ្នំហោរែប គឺនៅថ្ងៃព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “ចូរប្រមូលប្រជាជនឲ្យមកជួបនឹងយើង ដ្បិតយើងចង់ឲ្យពួកគេឮព្រះបន្ទូលរបស់យើង ដើម្បីឲ្យពួកគេគោរពកោតខ្លាចយើងអស់មួយជីវិត ដែលពួកគេរស់នៅលើផែនដី ព្រមទាំងឲ្យពួកគេបង្រៀនព្រះបន្ទូលនេះដល់កូនចៅរបស់ខ្លួន”។