3. ឧបមាថាប្ដីទីពីរនេះឈប់ស្រឡាញ់នាង គេធ្វើលិខិតលែងលះប្រគល់ឲ្យនាង ហើយឲ្យនាងចាកចេញពីផ្ទះ ឬមួយក៏ប្ដីទីពីរនេះស្លាប់
4. ប្ដីដើមដែលបានលែងនាង មិនអាចយកនាងទៅធ្វើជាប្រពន្ធវិញឡើយ។ គេត្រូវចាត់ទុកនាងថាជាស្រីសៅហ្មង។ បើប្ដីដើមយកនាងវិញនោះ គឺជាអំពើមួយដែលព្រះអម្ចាស់ស្អប់ខ្ពើម។ មិនត្រូវធ្វើឲ្យអំពើបាបបែបនេះ កើតមាននៅក្នុងស្រុកដែលព្រះអម្ចាស់ជាព្រះរបស់អ្នក ប្រទានឲ្យអ្នកទុកជាកេរមត៌កឡើយ»។
5. «មិនត្រូវឲ្យបុរសម្នាក់ដែលទើបនឹងរៀបការ ទៅធ្វើទាហានឡើយ ហើយក៏មិនត្រូវកែនគេឲ្យទៅធ្វើការអ្វីដែរ។ ក្នុងរយៈពេលមួយឆ្នាំ គេត្រូវតែនៅផ្ទះ ហើយធ្វើឲ្យភរិយាបានសប្បាយ។
6. មិនត្រូវទទួលយកត្បាល់កិនជារបស់បញ្ចាំឡើយ គឺសូម្បីតែថ្មផ្នែកខាងលើរបស់ត្បាល់កិន ក៏មិនត្រូវទទួលយកដែរ ព្រោះធ្វើដូច្នេះ ដូចជាបង្អត់អាហារម្ចាស់ត្បាល់។
7. ប្រសិនបើជនជាតិអ៊ីស្រាអែលណាម្នាក់ចាប់ជនរួមជាតិរបស់ខ្លួនយកទៅធ្វើជាទាសករ ឬយកទៅលក់ អ្នកនោះត្រូវតែទទួលទោសដល់ស្លាប់។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
8. ចូរប្រយ័ត្នអំពីករណីរោគឃ្លង់។ ចូរធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលពួកបូជាចារ្យលេវីបង្រៀនអ្នករាល់គ្នា។ ត្រូវកាន់ និងប្រតិបត្តិ តាមពាក្យដែលខ្ញុំបង្គាប់ដល់បូជាចារ្យទាំងនោះ។
9. ចូរនឹកចាំពីហេតុការណ៍ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បានធ្វើចំពោះបងស្រីម៉ារាម នៅតាមផ្លូវដែលអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប។
10. ប្រសិនបើអ្នកឲ្យអ្វីមួយទៅបងប្អូនរបស់អ្នកខ្ចី មិនត្រូវចូលទៅក្នុងផ្ទះរបស់គាត់ ដើម្បីយកវត្ថុបញ្ចាំឡើយ។
11. អ្នកត្រូវឈរនៅខាងក្រៅផ្ទះ ចាំបងប្អូននោះយកវត្ថុបញ្ចាំចេញមកឲ្យ។
12. ប្រសិនបើកូនបំណុលនោះជាជនក្រីក្រ អ្នកមិនត្រូវចូលដំណេក ដោយទុកវត្ថុបញ្ចាំជាប់នឹងខ្លួនឡើយ