21. ពេលខ្ញុំកំពុងតែអធិស្ឋាននៅឡើយ ស្រាប់តែទេវតា*កាព្រីយ៉ែល ដែលខ្ញុំបានឃើញក្នុងសុបិននិមិត្តដ៏អស្ចារ្យ កាលពីមុននោះ ហោះចូលមកជិតខ្ញុំយ៉ាងរហ័ស ចំពេលថ្វាយតង្វាយវេលាល្ងាច។
22. លោកមកពន្យល់ប្រាប់ខ្ញុំថា៖ «លោកដានីយ៉ែលអើយ ខ្ញុំមកពេលនេះ ដើម្បីណែនាំលោកឲ្យបានយល់។
23. នៅពេលលោកចាប់ផ្ដើមទូលអង្វរព្រះជាម្ចាស់ ព្រះអង្គក៏មានព្រះបន្ទូល ហើយខ្ញុំនាំយកមកជម្រាបលោក ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងលោកខ្លាំងណាស់។ សូមពិចារណាព្រះបន្ទូលនេះ ហើយយល់អត្ថន័យរបស់និមិត្តហេតុដ៏អស្ចារ្យចុះ។
24. ព្រះអង្គបានកំណត់ពេលប្រាំពីរឆ្នាំ ចិតសិបដង សម្រាប់ប្រជាជន និងក្រុងដ៏វិសុទ្ធរបស់លោក ដើម្បីលុបបំបាត់អំពើទុច្ចរិត បញ្ឈប់អំពើបាប លើកលែងកំហុស នាំមកនូវសេចក្ដីសុចរិតអស់កល្បជានិច្ច ហើយសម្រេចតាមសេចក្ដីដែលមានក្នុងនិមិត្តហេតុអស្ចារ្យ និងតាមសេចក្ដីដែលព្យាការីបានថ្លែងទុក ព្រមទាំងចាក់ប្រេងលើទីសក្ការៈបំផុត ដើម្បីញែកទុកថ្វាយព្រះអម្ចាស់។
25. ដូច្នេះ សូមជ្រាប ហើយយល់អត្ថន័យនេះចុះ! ចាប់ពីពេលព្រះអម្ចាស់មានព្រះបន្ទូល ស្ដីអំពីការរៀបចំសង់ក្រុងយេរូសាឡឹមឡើងវិញ រហូតដល់ពេលស្ដេចដែលជាព្រះមេស្ស៊ី*យាងមកដល់ មានរយៈពេលប្រាំពីរឆ្នាំប្រាំពីរដង ហើយនៅប្រាំពីរឆ្នាំហុកសិបពីរដងទៀត គេនឹងសង់ទីក្រុង និងកំពែងឡើងវិញ តែគ្រានោះ ជាគ្រាមួយដ៏សែនវេទនា។