ដានី‌យ៉ែល 9:15-18 Khmer Standard Version (KHSV)

15. ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ចេញ​ពី​ស្រុក​អេស៊ីប​ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ​ល្បី​រន្ទឺ​ដូច​សព្វ​ថ្ងៃ តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​មាន​ទោស។

16. ឱ​ព្រះ‌អម្ចាស់​អើយ អ្វីៗ​ដែល​ព្រះ‌អង្គ​ធ្វើ​សុទ្ធ​តែ​សុចរិត​ទាំង​អស់ ហេតុ​នេះ សូម​បំបែរ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះ‌អង្គ ចេញ​ពី​ក្រុង​យេរូ‌សាឡឹម និង​ចេញ​ពី​ភ្នំ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​ទៅ ដ្បិត​សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​យើង​ខ្ញុំ នាំ​គ្នា​មាក់‌ងាយ​ក្រុង​យេរូ‌សាឡឹម និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ និង​កំហុស​របស់​បុព្វបុរស​យើង​ខ្ញុំ។

17. ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ផង។ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ សូម​សម្តែង​ព្រះ‌ហឫទ័យ​ប្រណី​មេត្តា​ចំពោះ​ទី‌សក្ការៈ​របស់​ព្រះ‌អង្គ ដែល​ត្រូវ​គេ​បំផ្លាញ​នេះ​ផង។

18. ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ សូម​ទត​មើល​ក្រុង​បាក់​បែក ដែល​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​នេះ​ផង! យើង​ខ្ញុំ​អង្វរ​ព្រះ‌អង្គ ដោយ​មិន​ពឹង​ផ្អែក​លើ​អំពើ​សុចរិត​របស់​យើង​ខ្ញុំ​ទេ តែ​យើង​ខ្ញុំ​សូម​ពឹង​ផ្អែក​លើ​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ដ៏​ធំ‌ធេង​របស់​ព្រះ‌អង្គ។

ដានី‌យ៉ែល 9