1. នៅឆ្នាំទីបីនៃរជ្ជកាលព្រះចៅស៊ីរូស ជាស្ដេចរបស់ចក្រភពពែរ្ស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកដានីយ៉ែល ហៅបេលថិស្សាសារ។ ព្រះបន្ទូលនេះជាសេចក្ដីពិតដែលប្រកាសពីគ្រាមួយដ៏សែនលំបាក។ លោកដានីយ៉ែលរិះគិតពិចារណាអំពីព្រះបន្ទូលនេះ ហើយយល់អត្ថន័យរបស់និមិត្តហេតុដ៏អស្ចារ្យដែលលោកបានឃើញ។
2. នៅគ្រានោះ ខ្ញុំ ដានីយ៉ែល បានកាន់ទុក្ខអស់រយៈពេលបីអាទិត្យ។
3. ខ្ញុំមិនបានទទួលទានអ្វីៗដែលខ្ញុំចូលចិត្តទេ គឺខ្ញុំមិនបានទទួលទានសាច់ ឬស្រាសោះឡើយ ហើយក៏ពុំបានលាបប្រេងក្រអូបអ្វីដែរ រហូតទាល់តែចប់រយៈពេលបីអាទិត្យនោះ។