3. «ឪពុកយើងខ្ញុំបានទទួលមរណភាព នៅវាលរហោស្ថាន តែគាត់ពុំបានចូលដៃជាមួយបក្សពួករបស់លោកកូរេ ដើម្បីបះបោរប្រឆាំងនឹងព្រះអម្ចាស់ឡើយ គឺគាត់ស្លាប់ ព្រោះតែបាបរបស់គាត់ផ្ទាល់។ ឪពុករបស់យើងខ្ញុំគ្មានកូនប្រុសទេ។
4. មិនគួរឲ្យឈ្មោះរបស់ឪពុកយើងខ្ញុំ ត្រូវលុបបំបាត់ពីអំបូររបស់គាត់ ព្រោះតែគាត់គ្មានកូនប្រុសនោះឡើយ ហេតុនេះ សូមប្រគល់ទឹកដីមួយចំណែកឲ្យយើងខ្ញុំ នៅក្នុងចំណោមបងប្អូនរបស់ឪពុកយើងខ្ញុំផង»។
5. លោកម៉ូសេនាំរឿងហេតុរបស់ពួកនាងទៅទូលព្រះអម្ចាស់។
6. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
7. «កូនស្រីរបស់ស្លូផិហាតនិយាយត្រូវមែន។ ចូរប្រគល់ទឹកដីមួយចំណែក ក្នុងចំណោមបងប្អូនរបស់ឪពុកពួកនាង ឲ្យពួកនាង គឺចំណែកមត៌ករបស់ឪពុកពួកនាង នឹងត្រូវបានទៅលើពួកនាង។
8. អ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែលដូចតទៅ: “ប្រសិនបើបុរសណាម្នាក់ស្លាប់ទៅ តែគ្មានកូនប្រុសទេ ចូរប្រគល់កេរមត៌ករបស់អ្នកនោះទៅឲ្យកូនស្រីរបស់គាត់។
9. ប្រសិនបើគាត់គ្មានកូនស្រីទេ ត្រូវប្រគល់កេរមត៌កទៅឲ្យបងប្អូនរបស់គាត់។
10. ប្រសិនបើគាត់គ្មានបងប្អូនទេ ត្រូវប្រគល់កេរមត៌កទៅឲ្យបងប្អូនឪពុកគាត់។
11. ប្រសិនបើឪពុករបស់គាត់គ្មានបងប្អូនទេ ត្រូវប្រគល់កេរមត៌កនោះទៅឲ្យសាច់ញាតិណាម្នាក់ ដែលជិតជាងគេ ក្នុងអំបូររបស់គាត់ គឺអ្នកនោះហើយដែលត្រូវទទួលមត៌កនេះ”»។ ជនជាតិអ៊ីស្រាអែលត្រូវអនុវត្តតាមគោលការណ៍នេះទុកជាច្បាប់ ស្របនឹងព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
12. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរឡើងទៅលើភ្នំអាបារីម ហើយសម្លឹងមើលស្រុកដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រាអែល។