7. ហើយស្អែកពួកគេដាក់ភ្លើង និងគ្រឿងក្រអូបទៅក្នុងពានទាំងនោះ រួចនាំគ្នាចូលទៅជិតព្រះអម្ចាស់។ ព្រះអម្ចាស់ជ្រើសរើសអ្នកណា អ្នកនោះនឹងបានវិសុទ្ធ។ កូនចៅលោកលេវីអើយ អ្នករាល់គ្នាធ្វើជ្រុលពេកហើយ!»។
8. លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកកូរេថា៖ «កូនចៅលោកលេវីអើយ ចូរនាំគ្នាស្ដាប់!
9. ព្រះរបស់ជនជាតិអ៊ីស្រាអែលបានញែកអ្នករាល់គ្នាដាច់ឡែកពីសហគមន៍អ៊ីស្រាអែល ព្រះអង្គឲ្យអ្នករាល់គ្នានៅជិតព្រះអង្គ ឲ្យអ្នករាល់គ្នាបម្រើព្រះអង្គ នៅក្នុងព្រះពន្លារបស់ព្រះអម្ចាស់ និងឲ្យអ្នករាល់គ្នាបំពេញកិច្ចការក្នុងនាមសហគមន៍ទាំងមូល ប៉ុណ្ណឹងហើយនៅតែមិនល្មមទេឬ?
10. ព្រះអង្គឲ្យលោក និងបងប្អូនរបស់លោកទាំងអស់ ដែលជាកូនចៅលោកលេវី ចូលទៅជិតព្រះអង្គប៉ុណ្ណឹងហើយ អស់លោកបែរជាចង់បានមុខងារជាបូជាចារ្យថែមទៀត!
11. ហេតុនេះហើយបានជាលោក និងពួកអ្នកដែលនៅជាមួយលោក លើកគ្នាប្រឆាំងនឹងព្រះអម្ចាស់។ តើលោកអើរ៉ុនជាអ្វី បានជាពួកលោករអ៊ូរទាំប្រឆាំងនឹងគាត់ដូច្នេះ?»។
12. លោកម៉ូសេចាត់ឲ្យគេទៅហៅលោកដាថាន និងលោកអប៊ីរ៉ាម ជាកូនរបស់លោកអេលាប។ លោកទាំងពីរពោលថា៖ «ពួកយើងមិនទៅទេ!
13. លោកនាំពួកយើងចេញពីស្រុកដ៏សម្បូណ៌សប្បាយ ដើម្បីឲ្យពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ តើនៅមិនទាន់ល្មមទេឬ បានជាលោកតាំងខ្លួនធ្វើជាមេដឹកនាំលើពួកយើងថែមទៀត?
14. លោកមិនបាននាំពួកយើងឆ្ពោះទៅកាន់ស្រុកដ៏សម្បូណ៌សប្បាយ ហើយលោកក៏មិនបានប្រគល់ស្រែចម្ការ ឬចម្ការទំពាំងបាយជូរមកយើងខ្ញុំ ទុកជាមត៌កដែរ តើលោកស្មានថាប្រជាជនទាំងនេះជាមនុស្សខ្វាក់ឬ? ពួកយើងមិនព្រមទៅទេ!»។
15. លោកម៉ូសេខឹងយ៉ាងខ្លាំង លោកទូលព្រះអម្ចាស់ថា៖ «សូមកុំរវីរវល់នឹងតង្វាយរបស់ពួកគេឡើយ។ ទូលបង្គំមិនដែលយកអ្វីពីពួកគេទេ សូម្បីតែសត្វលាមួយក៏ទូលបង្គំមិនបានយកដែរ ទូលបង្គំពុំបានធ្វើអ្វីខុសចំពោះពួកគេទេ»។
16. លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកកូរេថា៖ «ស្អែក សូមលោក និងអស់អ្នកដែលនៅជាមួយលោកចូលទៅបង្ហាញខ្លួននៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ជាមួយលោកអើរ៉ុន
17. ម្នាក់ៗកាន់ពានដែលមានដាក់គ្រឿងក្រអូប គឺមានពានទាំងអស់ចំនួនពីររយហាសិប ហើយនាំគ្នាចូលទៅជិតព្រះអម្ចាស់។ រីឯលោកអើរ៉ុន និងខ្លួនលោកផ្ទាល់ ក៏ត្រូវកាន់ពានមួយម្នាក់ដែរ»។