35. មានភ្លើងចេញមកពីព្រះអម្ចាស់ ឆេះកម្ទេចមនុស្សទាំងពីររយហាសិបនាក់ ដែលចូលទៅថ្វាយគ្រឿងក្រអូបនោះដែរ។
36. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
37. «ចូរប្រាប់អេឡាសារ ជាកូនរបស់លោកបូជាចារ្យអើរ៉ុន ឲ្យយកពានចេញពីក្នុងភ្លើង រួចយកទៅគោះភ្លើងចោលឲ្យឆ្ងាយ ដ្បិតពានទាំងនោះជាវត្ថុសក្ការៈ។
38. ចូរយកពានរបស់អស់អ្នកដែលបានប្រព្រឹត្តអំពើបាប ហើយបាត់បង់ជីវិតនោះ ទៅដំជាបន្ទះលោហធាតុស្រោបអាសនៈ ទុកជាការព្រមានដល់កូនចៅអ៊ីស្រាអែល។ ពានទាំងនោះជាវត្ថុសក្ការៈ ព្រោះគេបានយកមកថ្វាយព្រះអម្ចាស់»។