20. បើមិនដូច្នោះទេ សូមឲ្យមានភ្លើងចេញពីអប៊ីម៉ាឡេក មកឆេះអ្នកមុខអ្នកការនៅស៊ីគែម និងនៅបេតមីឡូ រួចឲ្យមានភ្លើងចេញពីអ្នកមុខអ្នកការនៅស៊ីគែម និងនៅបេតមីឡូ មកឆេះអប៊ីម៉ាឡេកវិញដែរ!»។
21. បន្ទាប់មក លោកយ៉ូថាមក៏គេចខ្លួន រត់ទៅស្រុកបៀរ ហើយរស់នៅទីនោះឆ្ងាយពីលោកអប៊ីម៉ាឡេក ជាបង។
22. លោកអប៊ីម៉ាឡេកបានដឹកនាំស្រុកអ៊ីស្រាអែលអស់រយៈពេលបីឆ្នាំ។
23. ក្រោយមក ព្រះជាម្ចាស់បានធ្វើឲ្យលោកអប៊ីម៉ាឡេក និងពួកអ្នកមុខអ្នកការនៅស៊ីគែម មានគំនិតបាក់បែកគ្នា គឺពួកគេបាននាំគ្នាក្បត់នឹងលោកអប៊ីម៉ាឡេក។
24. ដូច្នេះ ពួកគេទទួលទោសចំពោះឃាតកម្មដែលខ្លួនបានប្រព្រឹត្ត គឺសម្លាប់កូនប្រុសរបស់លោកយេរូបាល ទាំងចិតសិបនាក់។ លោកអប៊ីម៉ាឡេកទទួលទោស ព្រោះបានសម្លាប់បងប្អូនរបស់ខ្លួន រីឯអ្នកមុខអ្នកការនៅស៊ីគែមទទួលទោស ព្រោះតែសមគំនិតជាមួយគាត់ក្នុងឃាតកម្មនេះ។
25. ពួកអ្នកមុខអ្នកការនៅស៊ីគែមបានចាត់មនុស្សឲ្យទៅបង្កប់ខ្លួននៅលើកំពូលភ្នំ ដើម្បីប្លន់អស់អ្នកដែលធ្វើដំណើរតាមផ្លូវនោះ គឺក្នុងគោលបំណងប្រឆាំងនឹងលោកអប៊ីម៉ាឡេក។ មានគេនាំដំណឹងនេះទៅប្រាប់លោកអប៊ីម៉ាឡេក។
26. ថ្ងៃមួយ លោកកាអាល ជាកូនរបស់លោកអេបេដ បានធ្វើដំណើរដល់ស៊ីគែមជាមួយបងប្អូនរបស់គាត់។ ពួកអ្នកមុខអ្នកការនៅស៊ីគែមទុកចិត្តគាត់។
27. ពួកគេចេញទៅចម្ការ បេះផ្លែទំពាំងបាយជូរ ហើយគាបយកទឹក រួចនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយ។ បន្ទាប់មក គេចូលទៅក្នុងវិហារព្រះរបស់គេ គេនាំគ្នាស៊ីផឹក ហើយដាក់បណ្ដាសាលោកអប៊ីម៉ាឡេក។