21. ទេវតារបស់ព្រះអម្ចាស់យកចុងដំបងដែលលោកកាន់ទៅពាល់សាច់ និងនំប៉័ងឥតមេ ពេលនោះ មានភ្លើងផុសចេញពីថ្ម ហើយឆេះសាច់ និងនំប៉័ងអស់ទៅ។ បន្ទាប់មក ទេវតារបស់ព្រះអម្ចាស់ក៏កំបាំងបាត់ទៅ។
22. ពេលនោះ លោកគេឌានដឹងថា ជាទេវតារបស់ព្រះអម្ចាស់ លោកពោលថា៖ «វីវរហើយ ព្រះជាអម្ចាស់អើយ! ដ្បិតទូលបង្គំបានឃើញទេវតារបស់ព្រះអង្គ ផ្ទាល់នឹងភ្នែក!»។
23. ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «សុំឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត កុំខ្លាចអ្វីឡើយ អ្នកនឹងមិនស្លាប់ទេ»។
24. លោកគេឌានសង់អាសនៈមួយថ្វាយព្រះអម្ចាស់ ត្រង់កន្លែងនោះ ហើយដាក់ឈ្មោះថា៖ «ព្រះអម្ចាស់ប្រទានសេចក្ដីសុខសាន្ត»។ អាសនៈនេះនៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ នាភូមិអូប្រា ជាភូមិរបស់អំបូរអបៀស៊ើរ។
25. នៅយប់ដដែលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកគេឌានថា៖ «ចូរយកគោបារបស់ឪពុកអ្នក គឺគោទីពីរ ដែលមានអាយុប្រាំពីរឆ្នាំ។ បន្ទាប់មក ចូររំលំអាសនៈព្រះបាលរបស់ឪពុកអ្នក ព្រមទាំងកាប់បំផ្លាញបង្គោលរបស់ព្រះអាសេរ៉ានៅក្បែរនោះផង។