19. អស់លោកទាំងនោះពោលទៀតថា៖ «រៀងរាល់ឆ្នាំ យើងតែងប្រារព្ធពិធីបុណ្យមួយថ្វាយព្រះអម្ចាស់ នៅស៊ីឡូ» (ស៊ីឡូស្ថិតនៅខាងជើងបេតអែល នៅខាងត្បូងលេបូណា និងនៅខាងកើតផ្លូវដែលភ្ជាប់បេតអែលទៅស៊ីគែម)។
20. ពួកគេបញ្ជាកូនចៅបេនយ៉ាមីនថា៖ «ចូរអ្នករាល់គ្នាទៅលាក់ខ្លួននៅក្នុងចម្ការទំពាំងបាយជូរ
21. ហើយចាំឃ្លាំមើល។ កាលណាមានស្ត្រីក្រមុំចេញពីស៊ីឡូមករាំលេង អ្នករាល់គ្នាត្រូវស្ទុះចេញពីក្នុងចម្ការទំពាំងបាយជូរមក ហើយចាប់នាងទាំងនោះម្នាក់មួយៗ នាំយកទៅក្នុងទឹកដីបេនយ៉ាមីន ដើម្បីធ្វើជាប្រពន្ធរបស់អ្នករាល់គ្នាទៅ។
22. ប្រសិនបើឪពុក ឬបងប្រុសរបស់ពួកនាងមកប្ដឹងយើង យើងនឹងអង្វរពួកគេថា “សូមមេត្តាអនុគ្រោះពួកបេនយ៉ាមីនផង ពីព្រោះនៅពេលយើងទៅវាយប្រហារភូមិយ៉ាបេស នោះយើងរកស្ត្រីមកឲ្យពួកគេធ្វើជាប្រពន្ធ មិនបានគ្រប់ៗគ្នាទេ។ ម្យ៉ាងទៀត បងប្អូនក៏មិនបានលើកកូនស្រីឲ្យពួកគេដែរ ដូច្នេះ បងប្អូនគ្មានធ្វើអ្វីខុសនឹងពាក្យសម្បថនោះឡើយ”»។
23. ពួកបេនយ៉ាមីនក៏ធ្វើតាម គឺពួកគេចាប់ស្ត្រីក្នុងចំណោមស្ត្រីក្រមុំ ដែលចេញមករាំនៅស៊ីឡូ គ្រប់ចំនួន ហើយនាំយកទៅជាមួយខ្លួន។ ពួកគេវិលត្រឡប់ទៅទឹកដីដែលជាមត៌ករបស់ខ្លួន ហើយកសាងក្រុងឡើងវិញ ព្រមទាំងរស់នៅទីនោះទៅ។