19. ពួកគេឆ្លើយទៅគាត់វិញថា៖ «នៅឲ្យស្ងៀម កុំមាត់កអី! ចូរទៅជាមួយយើង ធ្វើជាបូជាចារ្យគ្រប់គ្រងលើពួកយើង! ចូរគិតមើល៍ តើលោកគួរធ្វើជាបូជាចារ្យសម្រាប់គ្រួសាររបស់មនុស្សតែម្នាក់ ឬក៏ធ្វើជាបូជាចារ្យសម្រាប់ពូជអំបូរមួយក្នុងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល?»។
20. បូជាចារ្យមានចិត្តត្រេកអរជាខ្លាំងចំពោះសំណូមពរនេះ គាត់យករូបបដិមា រូបចម្លាក់ផ្សេងៗ និងរូបព្រះ រួចចូលទៅក្នុងចំណោមកងទ័ព។
21. ពួកគេបន្តដំណើរទៅមុខទៀត ដោយឲ្យក្មេងៗ ហ្វូងសត្វ និងទ្រព្យសម្បត្តិរបស់គេទៅមុន។
22. លុះពួកគេចាកចេញពីផ្ទះលោកមីកាទៅបានឆ្ងាយបន្តិច ទើបលោកមីកា និងអ្នកជិតខាងប្រមូលគ្នាដេញតាម។
23. ពេលនោះ ពួកលោកមីកាស្រែកហៅកូនចៅដាន់ ពួកគេក៏បែរក្រោយ ហើយសួរលោកមីកាថា៖ «តើមានការអី បានជាប្រមូលគ្នាមកដូច្នេះ?»។