30. លោកយែបថាបានសន្យាយ៉ាងឱឡារិកចំពោះព្រះអម្ចាស់ថា៖ «ប្រសិនបើព្រះអង្គប្រគល់ជនជាតិអាំម៉ូនមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំ
31. ហើយពេលទូលបង្គំត្រឡប់មកវិញដោយជោគជ័យ បើនរណាម្នាក់ចេញពីមាត់ទ្វារផ្ទះរបស់ទូលបង្គំ មកទទួលទូលបង្គំមុនគេ ទូលបង្គំនឹងយកអ្នកនោះមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់»។
32. លោកយែបថាក៏ឆ្លងចូលទៅវាយជនជាតិអាំម៉ូន ហើយព្រះអម្ចាស់បានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់លោក។
33. លោកយែបថាបានវាយកម្ទេចពួកគេយ៉ាងដំណំ គឺចាប់តាំងពីក្រុងអារ៉ូអ៊ើរ រហូតដល់តំបន់ជិតខាងក្រុងមីនីត - សរុបទាំងអស់ម្ភៃក្រុង - បន្ទាប់មក រហូតដល់ក្រុងអបិល-កេរ៉ាមីម។ ជនជាតិអ៊ីស្រាអែលបានធ្វើឲ្យជនជាតិអាំម៉ូនបរាជ័យបាក់មុខយ៉ាងខ្លាំង។
34. ពេលលោកយែបថា វិលត្រឡប់មកផ្ទះរបស់លោកនៅមីសប៉ាវិញ កូនស្រីរបស់លោកចេញមកទទួល ទាំងរាំ និងវាយក្រាប់។ នាងជាកូនស្រីតែមួយគត់របស់លោក គឺក្រៅពីនាង លោកគ្មានកូនប្រុស កូនស្រីណាទៀតឡើយ។