8. កុលសម្ព័ន្ធយូដាវាយយកបានក្រុងយេរូសាឡឹមដែរ ពួកគេសម្លាប់រង្គាលប្រជាជន រួចដុតក្រុងនោះចោល។
9. បន្ទាប់មក កុលសម្ព័ន្ធយូដាក៏ចុះទៅច្បាំងនឹងជនជាតិកាណាន ដែលរស់នៅតាមតំបន់ភ្នំ តំបន់ណេកិប និងតំបន់វាលទំនាបថែមទៀតផង។
10. កុលសម្ព័ន្ធយូដាបានវាយប្រហារជនជាតិកាណាន ដែលរស់នៅក្រុងហេប្រូន ពីដើមហៅថាគារយ៉ាត់-អើបា ហើយពួកគេបានប្រហារអំបូរសេសាយ អំបូរអហ៊ីម៉ាន និងអំបូរតាល់ម៉ាយដែរ។
11. ពីទីនោះ ពួកគេវាយប្រហារប្រជាជននៅក្រុងដេបៀរ(ពីដើមហៅថាគារយ៉ាត់-សេភើរ)។
12. គ្រានោះ លោកកាលែបមានប្រសាសន៍ថា៖ «បើនរណាវាយយកក្រុងគារយ៉ាត់-សេភើរបាន ខ្ញុំនឹងលើកកូនស្រីរបស់ខ្ញុំ ឈ្មោះនាងអាក់សាឲ្យធ្វើជាប្រពន្ធ»។
13. ពេលនោះ លោកអូធ្នាល ជាកូនរបស់លោកកេណាស ដែលត្រូវជាប្អូនលោកកាលែប វាយយកក្រុងបាន។ លោកកាលែបក៏លើកនាងអាកសា ជាកូនស្រី ឲ្យធ្វើជាភរិយារបស់គាត់។
14. ពេលទៅនៅជាមួយប្ដីហើយ នាងក៏បបួលប្ដីឲ្យទាមទារយកដីស្រែពីឪពុកនាង។ កាលនាងចុះពីលើខ្នងលា លោកកាលែបសួរនាងថា៖ «តើកូនមានការអ្វី?»។
15. នាងឆ្លើយតបថា៖ «សូមលោកឪពុកមេត្តាអនុគ្រោះដល់កូន ដីដែលលោកឪពុកឲ្យកូននៅតំបន់ខាងត្បូងនោះ គ្មានទឹកទេ ដូច្នេះ សូមលោកឪពុកមេត្តាចែកអណ្ដូងទឹកឲ្យកូនផង»។ លោកកាលែបក៏ចែកអណ្ដូងទឹកដែលនៅខាងលើ និងនៅខាងក្រោម ឲ្យនាង។