20. ហេតុនេះហើយបានជាខ្ញុំសុំជួប និងសុំនិយាយជាមួយបងប្អូន ដ្បិតខ្ញុំជាប់ចំណង ព្រោះតែសេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល»។
21. អ្នកទាំងនោះតបវិញថា៖ «យើងពុំបានទទួលសំបុត្រអ្វីពីស្រុកយូដាស្ដីអំពីលោកឡើយ ហើយក៏គ្មានបងប្អូនណាម្នាក់មករាយការណ៍ ឬនិយាយអាក្រក់ពីលោកដែរ។
22. យើងចង់ស្ដាប់លោកមានប្រសាសន៍អំពីគំនិតរបស់លោក ព្រោះយើងដឹងថាមានគេជំទាស់នឹងគណៈរបស់លោកនៅគ្រប់ទីកន្លែង»។
23. គេបានណាត់ពេលជួបលោកប៉ូលម្ដងទៀត នៅថ្ងៃណាមួយ។ លុះដល់ថ្ងៃនោះហើយ មានមនុស្សច្រើនជាងមុនមកផ្ទះលោកប៉ូល។ លោកបានវែកញែក និងធ្វើជាបន្ទាល់អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ប្រាប់គេតាំងពីព្រឹករហូតដល់ល្ងាច ដោយលើកយកគម្ពីរវិន័យរបស់លោកម៉ូសេ និងគម្ពីរព្យាការី*មកពន្យល់បញ្ជាក់ប្រាប់គេអំពីព្រះយេស៊ូ។
24. មានពួកគេមួយផ្នែកបានជឿពាក្យដែលលោកមានប្រសាសន៍ តែមួយផ្នែកទៀតពុំព្រមជឿទេ។
25. ដោយពួកគេចាកចេញពីទីនោះទៅទាំងខ្វែងគំនិតគ្នា លោកប៉ូលក៏មានប្រសាសន៍ទៅគេថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធ*មានព្រះបន្ទូលមកកាន់បុព្វបុរសយើង តាមរយៈព្យាការីអេសាយពិតជាត្រូវមែន គឺព្រះអង្គមានព្រះបន្ទូលថា៖