កិច្ចការ 7:11-19 Khmer Christian Bible (KCB)

11. គ្រា​នោះ​កើតមាន​គ្រោះ​អត់ឃ្លាន​ពាសពេញ​ស្រុក​អេស៊ីព្ទ​ និង​ស្រុក​កាណាន​បណ្ដាល​ឲ្យ​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​ រីឯ​ដូនតា​របស់​យើង​រក​អាហារ​មិន​បាន​សោះ​

12. ពេល​លោក​យ៉ាកុប​បាន​ឮ​ថា​នៅ​ស្រុក​អេស៊ីព្ទ​មាន​ស្រូវ​ គាត់​ក៏​ចាត់​ដូនតា​របស់​យើង​ឲ្យ​ទៅ​ជា​លើក​ទី​មួយ​

13. នៅ​លើក​ទីពីរ​ លោក​យ៉ូសែប​បាន​បង្ហាញ​ខ្លួន​ឲ្យ​បងៗ​របស់​គាត់​ស្គាល់​ ហើយ​ស្ដេច​ស្រុក​អេស៊ីព្ទ​ក៏​បាន​ដឹង​អំពី​គ្រួសារ​របស់​លោក​យ៉ូសែប​

14. លោក​យ៉ូសែប​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប​ជា​ឪពុក​របស់​គាត់​ និង​សាច់ញាតិ​ទាំង​ចិតសិប​ប្រាំ​នាក់​របស់​គាត់​ឲ្យ​មក​

15. ដូច្នេះ​លោក​យ៉ាកុប​បាន​ចុះ​ទៅ‍​ឯ​ស្រុក​អេស៊ីព្ទ​ ហើយ​គាត់​ និង​ដូនតា​របស់​យើង​បាន​ស្លាប់​នៅ​ទីនោះ។​

16. ពួកគេ​បាន​យក​សព​អ្នក​ទាំង​នោះ​ត្រលប់​មក​ក្រុង​ស៊ីគែម​វិញ​ ហើយ​បាន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​ដែល​លោក​អ័ប្រាហាំ​បាន​យក​ប្រាក់​មួយ​ចំនួន​ទិញ​ពី​កូនចៅ​របស់​លោក​ហេម័រ​នៅ​ក្រុង​ស៊ីគែម​

17. នៅពេល​ដែល​សេចក្ដី​សន្យា​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ជាមួយ​លោក​អ័ប្រាហាំ​ជិត​បាន​សម្រេច​ នោះ​ប្រជាជន​របស់​យើង​ក៏​មាន​ចំនួន​ច្រើន​ឡើងៗ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​

18. រហូត​ដល់​មាន​ស្ដេច​មួយ​អង្គ​ទៀត​ដែល​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ ឡើង​គ្រងរាជ្យ​លើ​ស្រុក​អេស៊ីព្ទ។​

19. ស្ដេច​នោះ​បាន​ប្រើ​ល្បិច​អាក្រក់​មក​លើ​ជនជាតិ​របស់​យើង​ ព្រមទាំង​បាន​ធ្វើបាប​ដូនតា​របស់​យើង​ ដោយ​ឲ្យ​បំបរបង់​កូនៗ​របស់​ពួកគេ​ចោល​ដើម្បី​កុំ​ឲ្យ​មាន​ជីវិត​រស់​

កិច្ចការ 7