6. ពេលបានស្នាក់នៅជាមួយពួកគេមិនលើសពីប្រាំបី ឬដប់ថ្ងៃ លោកភេស្ទុសក៏ចុះទៅឯក្រុងសេសារា ហើយនៅថ្ងៃបន្ទាប់ គាត់ក៏អង្គុយក្នុងសាលាក្ដី បង្គាប់ឲ្យគេនាំលោកប៉ូលមក
7. ពេលលោកប៉ូលមកដល់ ពួកជនជាតិយូដាដែលមកពីក្រុងយេរូសាឡិម ក៏ឈរព័ទ្ធជុំវិញលោកប៉ូល ទាំងធ្វើការចោទប្រកាន់ធ្ងន់ៗច្រើនករណីទាស់នឹងគាត់ ដែលពួកគេមិនអាចបង្ហាញភស្ដុតាងបានឡើយ
8. ប៉ុន្ដែលោកប៉ូលក៏និយាយការពារខ្លួនថា៖ «ខ្ញុំមិនបានធ្វើអ្វីខុសនឹងគម្ពីរវិន័យរបស់ពួកជនជាតិយូដា ឬព្រះវិហារ ឬព្រះចៅអធិរាជឡើយ»។
9. ប៉ុន្ដែ ដោយលោកភេស្ទុសចង់ផ្គាប់ចិត្ដពួកជនជាតិយូដា ក៏សួរចម្លើយទៅលោកប៉ូលថា៖ «តើអ្នកសុខចិត្ដឡើងទៅឯក្រុងយេរូសាឡិម ដើម្បីឲ្យខ្ញុំជំនុំជម្រះអំពីរឿងក្ដីទាំងនេះនៅទីនោះដែរឬទេ?»